រាជធានីភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋយ៉ាងហោចណាស់៦ ខ្នងត្រូវបានអគ្គីភ័យឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោងប្រមាណ១៧ និង៣០នាទីល្ងាចថ្ងៃទី០៤ កក្កដា ឆ្នាំ ២០១៣ ។ រថយន្លត់អគ្គីភ័យជាច្រើនគ្រឿងបានរូតរះជួយអន្តរាគមន៏ធ្វើឲ្យ កកស្ទះចរាចរណ៍រាប់ម៉ោងនៅលើកំណាត់ផ្លូវលេខ ៣៧១ ។ អគ្គីភ័យប្រកបដោយភាពផ្ញាក់ផ្អើលនេះបានកើតឡើ តាមបណ្ដោយផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិឫស្សី ក្រុមទី១៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានផ្សេងហុយចេញពីផ្ទះឈ្មោះ ប៊ុន សោភា ភេទស្រី មុខរបរលក់ភេជ្ជះ បន្ទាប់មកក៏ចេញជាអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅតែម្ដង ធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាង ។ ពួកគេបានជួយអន្តរាគមន៏ និងហៅរថយន្តពន្លត់អគ្គីភ័យមកជួយពន្លត់ ។
លោក ណេត វណ្ណតា ប្រាប់ថា ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះនេះអស់៦ខ្នង និង៧គ្រួសារ ក្នុងនោះមានម្ចាស់ លក់ចាប់ហ៊ួយ លក់ទូរស័ព្ទ និងបន្ទប់ជួល ។ ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះនោះមានឈ្មោះទី១ ប៊ុន សោភា ភេទស្រី មុខរបរលក់ដូរ ទី.២ ម៉េង ឡុង ជាងម៉ូតូទី.៣ អ៊ុយ ឡេង មុខរបរកម្មកររោងចក្រ ទី.៤ ជូរ សាងគ្រី លក់ដូរ ទី.៥ ឡុច សារ៉េត ទី៦. ឃឹម ហុកម៉េង មុខរបរជាងម៉ូតូនិង ទី៧ ឈ្មោះ យុន ប៊ុន (នៅផ្ទះ)។
លោកបន្តទៀតថាអគ្គីភ័យដែលឆេះនេះ រថយន្តពន្លត់មកជួយអន្តរាគមន៏មាន២៣គ្រឿង និងប្រើប្រាស់អស់១៧គ្រឿង ប្រើពេលវេលាជិត២ម៉ោងទើបអាចគ្រប់គ្រងកំសួលភ្លើងបាន។គួរ បញ្ជាក់ថា អំឡុងការឆាបឆេះនោះស្ត្រីម្នាក់បានដួលសន្លប់ ហើយត្រូវបានគេដឹកជញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះភ្លាមៗផងដែរ ។ រហូតមកដល់ពេលនេះសមត្ថកិច្ចមិនទាន់អាចវាយតម្លៃឲ្យប្រាកដ ពីទំហំនៃការខូចខាតនៅឡើយទេ ៕
ប្រភពពី
វាលឥន្ទ្រី