តៃវ៉ាន់ជាអតិថិជនដ៏សំខាន់មួយរបស់អាមេរិក ដោយកិច្ចព្រមព្រៀងទិញសព្វា វុធកាន់តែច្រើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ បង្កការព្រួយ បារម្ភយ៉ាងខ្លាំងដល់រដ្ឋាភិបាលចិន។
របាយការណ៍មជ្ឈមណ្ឌលស្រាវជ្រាវ សភាអាមេរិកបានឱ្យដឹងថា ចាប់តាំងពី ឆ្នាំ១៩៩០មកដល់ពេលនេះ អាមេរិក បានលក់សព្វាវុធទៅឱ្យតៃវ៉ាន់មានតម្លៃ រហូតដល់ ៤៤,៨ ពាន់ដុល្លារ។
របាយការណ៍បានបញ្ជាក់ថា ដំណាក់កាលដែលអាមេរិកលក់សព្វាវុធទៅឱ្យ តៃវ៉ាន់បង្កឱ្យមានវិវាទផ្ទៃក្នុងនៅសហរដ្ឋអាមេរិក។ បញ្ជីលក់សព្វាវុធឱ្យ តៃវ៉ាន់ ពីឆ្នាំ១៩៩០ មកទល់ពេលនេះ បានឆ្លងផុតប្រធានាធិបតី ៤ជំនាន់ហើយ។ ក្នុងរយៈពេល៨ឆ្នាំដែលរដ្ឋាភិបាលអតីតប្រធានាធិបតីប៊ូស កាន់អំណាចបានលក់សព្វាវុធឱ្យតៃវ៉ាន់មានតម្លៃ ១៥,៦ពាន់ លានដុល្លារ។ ចំណែករដ្ឋាភិបាលរបស់ លោកអូបាម៉ា បានលក់សព្វាវុធឱ្យតៃវ៉ាន់ មានតម្លៃ ១២,២ ពាន់លានដុល្លារ។
កិច្ចព្រមព្រៀងទិញសព្វាវុធជាទ្រង់ ទ្រាយធំបំផុតនោះ គឺការទិញយន្ដហោះចម្បាំង ១៥០គ្រឿង ប្រភេទ F16A/B ត្រូវបានរដ្ឋាភិបាលអតីតប្រធានាធិបតី ប៊ូស ចុះហត្ថលេខាលក់ឱ្យតៃវ៉ាន់នៅថ្ងៃទី១៤ កញ្ញា ១៩៩២ មានតម្លៃ ៥,៨ ពាន់លានដុល្លារ។ ទី២ នៅថ្ងៃទី២១ កញ្ញា ២០១១ រដ្ឋាភិបាលអូបាម៉ា បានប្រកាសកែទម្រង់ប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែទំនើបជាងមុន សម្រាប់ប្រភេទយន្ដហោះ ខាងលើ មានតម្លៃ ៥,៣ ពាន់លានដុល្លារ។ ចំណែករដ្ឋាភិបាលអតីតប្រធានាធិបតី ប៊ីលគ្លីនតុន ដែលកាន់អំណាច រយៈពេល៨ឆ្នាំ ក៏បានលក់សព្វាវុធឱ្យកោះតៃវ៉ាន់មានតម្លៃ ៨,៧ ពាន់លានដុល្លារ ផងដែរ។
នៅក្នុងរបាយការណ៍បានបង្ហាញឱ្យ ឃើញថា រយៈពេល ២៣ឆ្នាំកន្លងមក អាមេរិកលក់សព្វាវុធឱ្យកោះតៃវ៉ាន់មាន តម្លៃដល់ទៅ ៤៤.៨ ពាន់លានដុល្លារ។
ការលក់សព្វាវុធទាំងនោះរបស់រដ្ឋាភិបាលអាមេរិក ទទួលរងការរិះគន់យ៉ាងខ្លាំងពីរដ្ឋាភិបាលទីក្រុងប៉េកាំង ហើយបានស្នើឱ្យអាមេរិកបញ្ចប់សកម្មភាពលក់សព្វាវុធជាបន្ទាន់ទៅ ឱ្យកោះនេះ ដោយព្រួយបារម្ភខ្លាចតៃវ៉ាន់មានកម្លាំងគ្រប់គ្រាន់ ដើម្បីប្រកាសឯករាជ្យ ផ្ដាច់ខ្លួនចេញពីចិនដីគោក។ ចិនក៏បានដាក់ពង្រាយប្រព័ន្ធកាំជ្រួចមីស៊ីល រាប់ពាន់ដើមតម្រង់កោះតៃវ៉ាន់ ហើយគម្រាមថានឹងបើកការវាយប្រហារប្រសិនបើកោះតៃវ៉ាន់ប្រកាសឯករាជ្យ នោះ៕