ខេត្តបន្ទាយមានជ័យ ៖ មនុស្សម្នាក់បានស្លាប់ និង ២នាក់ ទៀតរបួសធ្ងន់ បន្ទាប់ពីជនរងគ្រោះទាំង ៣នាក់ បានបើកម៉ូតូ ជ្រុលទៅបុករថយន្តស៊េរីទំនើប កាលពីវេលាម៉ោង ២ទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៣
នៅចំណុចផ្លូវ បេតុងបែកជាបួន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ហុង លីហ្វីឡុង ភេទប្រុស អាយុ១៩ឆ្នាំ ជាអ្នកលក់សាច់ជ្រូកអាំង មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ចំណែកអ្នករងរបួសធ្ងន់២នាក់ទៀត ម្នាក់ឈ្មោះ យ៉ិន សំនៀង ភេទស្រី អាយុ ១៩ឆ្នាំ ជាអ្នកបម្រើនៅ ហាងម៉ាស្សា យីហោសៀមរាប មានទីតាំងនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត និងម្នាក់ទៀតឈ្មោះ មឿន ភេទប្រុស អាយុ១៦ឆ្នាំ ជាកម្មករស៊ីឈ្នួលលក់ទឹកកកនៅផ្សារអគ្គៈ មានទីលំនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
មុនពេលកើតហេតុ ជនរងគ្រោះទាំង ៣នាក់ ជិះម៉ូតូម៉ាកឃ្លិក ស៊េរីឆ្នាំ២០១៣ ពណ៌ក្រហម បានបើកបោះពួយ មកពីទិសខាងលិច លុះមកដល់ចំណុចកើតហេតុ ផ្លូវបែកជាបួនស្រាប់តែម៉ូតូ បានជ្រុលទៅបុករថយន្តឡិចស៊ីស RX350 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២T៤៣៤៤ យ៉ាងពេញទំហឹងបណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់នឹងកន្លែង ចំណែកអ្នករួមដំណើរ ២នាក់ទៀតបានផ្លោង ផុតរថយន្តទៅធ្លាក់នៅម្ខាងផ្លូវ ហើយរថយន្តបើករត់ បានប្រហែល ២០០ ម៉ត្រ ក៏ត្រូវសមត្ថកិច្ច តាមចាប់បានមកវិញ៕