គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ហើយថា ចំពោះសំណើរបស់គណបក្សប្រឆាំង ដែលទាមទារឲ្យបង្កើតគណៈកម្មការឯករាជ្យ ដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តអាណត្តិទី៥នោះ គឺខ្លួនគ្មានលទ្ធភាពទេ។ 
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងប្រាប់វិទ្យុក្នុងស្រុកមួយនៅថ្ងៃព្រហស្បតិ៍នេះថា គ.ជ.ប គ្មានលទ្ធភាពបង្កើតគណៈកម្មការដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៃ ការបោះឆ្នោត ដែលស្នើឡើងដោយគណបក្សប្រឆាំងនោះទេ។ ប៉ុន្តែ គ.ជ.ប នឹងប្រើប្រាស់យន្តការដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហានេះ នោះគឺឲ្យគ្រប់គណបក្សនយោបាយនិងភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ផ្ញើរបាយការណ៍ស្តីពីភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោត មកកាន់ គ.ជ.ប ឬគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោតរយៈពេល៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០២ សីហាស្អែកនេះ រហូតដល់ថ្ងៃទី០៦ សីហា។
គួររំលឹកថា បន្ទាប់មួយថ្ងៃក្រោយការប្រកាសលទ្ធផលឆ្នោតបឋមនៃការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្តអាណត្តិទី៥ ដែលបង្ហាញថា គណបក្សសង្រ្គោះជាតិទទួលបាន៥៥អាសនៈ ចំណែកគណបក្សប្រជាជនកម្ពុជា ទទួលបាន៦៨អាសនៈនោះ គណបក្សសង្រ្គោះជាតិ បានប្រកាសថា ខ្លួននឹងមិនទទួលស្គាល់លទ្ធផលឆ្នោតនេះឡើយ ព្រោះការបោះឆ្នោតដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ កក្កដា នោះ មានភាពមិនប្រក្រតីធ្ងន់ធ្ងរច្រើន។ ក្នុងនោះគណបក្សសង្រ្គោះជាតិបានទាមទារឲ្យ គ.ជ.ប បង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីស៊ើបអង្កេតករណីមិនប្រក្រតីទាំងនោះ ដោយមានការចូលរួមពីអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល និងតំណាងគណបក្សនយោបាយផង៕
ប្រភពពី fpmonline