រាជធានីភ្នំពេញ ៖ ក្រុមចោរមានគ្នា ២នាក់ បានធ្វើសកម្មភាពចូលប្លន់ យកគ្រឿងអលង្ការពេជ្រ ១ឈុត របស់ភរិយាមន្ត្រីយោធា ក្រសួងការពារជាតិមួយរូប រួចគេចខ្លួនបាត់ដោយសុវត្ថិភាព បង្កឱ្យមានការភ្ញាក់ផ្អើល
កាលពីវេលាម៉ោង ៨ យប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ នៅចំណុចផ្ទះលេខ១២៨C ផ្លូវលេខ២០២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះឈ្មោះ គីម រស្មី ភេទប្រុស អាយុ ៣៥ឆ្នាំ ជាមន្ត្រីយោធាក្រសួងការពារជាតិ និងប្រពន្ធ បានចេញទៅក្រៅ នៅសល់តែអ្នកបម្រើ ២នាក់ ប៉ុណ្ណោះ ។ លុះក្រោយមក មានបុរស ២នាក់ ជិះរថយន្ត ១គ្រឿង បន្លំជាអ្នកស្គាល់ម្ចាស់ផ្ទះខាងលើ ហៅអ្នកបម្រើឲ្យបើកទ្វារ។ ពេលចូលដល់ក្នុងផ្ទះ ជនសង្ស័យបានចាប់ចង អ្នកបម្រើម្នាក់បិទស្កុត ចងដៃចងជើង ធ្វើសកម្មភាពប្រមូលយក គ្រឿងអលង្ការពេជ្រ ១ឈុត រួមមាន ខ្សែក ខ្សែដៃ ក្រវិល ចិញ្ចៀន របស់ប្រពន្ធ ។
ចំណែកគ្រឿងអលង្ការផ្សេងទៀតរបស់ប្តី ក្រុមចោរមិនបានយកនោះទេ ។
យ៉ាងណាក៏ដោយ អ្នកបម្រើម្នាក់ បានអះអាងថា នាងអត់បានដឹងរឿងអ្វីនោះទេ ព្រោះពេលកើតហេតុ នាងស្ថិតនៅជាន់ខាងលើ ហើយករណីខាងលើនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ជុំវិញហេតុការណ៍ ដែលកើតឡើង ដោយមិនទាន់សន្និដ្ឋានថា ជាសកម្មភាពអ្វី ពិតប្រាកដនៅឡើយទេ៕