រាជធានីភ្នំពេញ ៖ រថយន្តម៉ាកតាកូម៉ាមួយគ្រឿង បានជ្រុលល្បឿនទៅបុកម៉ូតូម៉ាកស្មាសវី ពីក្រោយពេញទំហឹង នៅចំណុចមុខវិទ្យាល័យ ស៊ីសុវត្ថិ តាមបណ្ដោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ជ័យជំនះ
ខណ្ឌដូនពេញ កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣ បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ស្រាល។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ខាងលើនេះមានឈ្មោះ សីហា ភេទប្រុស និងម្នាក់ទៀតឈ្មោះ កញ្ញា ភេទស្រី អាយុអាង២០ឆ្នាំ ពួកគេទាំង២នាក់គឺជាបុគ្គលិក បម្រើការងារនៅក្នុងហាង តូតូ ice-cream ចំណែកអ្នកបើករថយន្តបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះទាំង២នាក់ បានជិះម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ 1BI-7764 ធ្វើដំណើរតាមតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង។ ខណៈពេលដែលធ្វើដំណើរ មកដល់ចំណុចកើតហេតុ ម៉ូតូក៏បានស៊ីញ៉ូ ដើម្បីឆ្លងទៅខាងឆ្វេងដៃ ប៉ុន្តែស្រាប់តែមានរថយន្តម៉ាកតាកូម៉ា ពណ៌សម្បកឪឡឹក មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2P-6205 បើកបរដោយបុរសម្នាក់អាយុជាង៣០ឆ្នាំ ធ្វើដំណើរស្របគ្នា បុកពីក្រោយពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចក៏បានចុះទៅអន្តរាគមន៍ ដើម្បីធ្វើការវាស់វែង និងបានទំនាក់ទំនងហៅរថយន្តសង្គ្រោះមកដឹកយកអ្នករបួសទៅធ្វើការព្យា បាលនៅមន្ទីរពេទ្យ។ ចំណែកវត្ថុតាង រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋានដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕