
ប្រទេសស៊ីរី ៖ ភាពចលាចល នៅក្នុងប្រទេសស៊ីរី ស្ថិតក្នុងស្ថានភាព គួរឲ្យព្រួយបារម្ភ ជាពិសេសលោក អាល់ អាសាដ កំពុងប្រឈមនឹងបញ្ហាជាច្រើន បន្ទាប់ពីរងការ ចោទប្រកាន់ពីករណី ប្រើប្រាស់ អាវុធគីមីសាស្ដ្រ វាយប្រហារទៅលើ ក្រុមអ្នកបះបោរ ហើយពេលនេះមានរឿងគួរឲ្យ
ភ្ញាក់ផ្អើលបំផុត នៅពេលក្រុមប្រឆាំងលោក អាល់ អាសាដ ប្រកាសទទួល សព្វាវុធ ដែលជាជំនួយរបស់ លោកខាងលិចប្រមាណ ៤០០តោន ។
គេអាចវាយតម្លៃបានថា នេះជាចំនួនសព្វាវុធ ទ្រង់ទ្រាយធំបំផុត ដែលក្រុមបះបោរស៊ីរីទទួលបាន ចាប់តាំងពីការក្រោកឈរ ប្រឆាំងរដ្ឋាភិបាលលោក អាល់ អាសាដ រយៈ ពេល២ឆ្នាំកន្លងមកនេះ។ ព័ត៌មានខាងលើត្រូវបាន ផ្សព្វផ្សាយក្រោយពេល កម្លាំងបះបោរចោទប្រកាន់រដ្ឋាភិបាលថា បានប្រើប្រាស់ ជាតិគីមីសារីន វាយប្រហារនៅជាយក្រុង ដាម៉ាកាសសម្លាប់មនុស្សជាង ១.៣០០នាក់ ។
ដោយឡែករដ្ឋមន្ដ្រីការបរទេស ស៊ុយអែត បានបញ្ជាក់ថា គេមានភស្ដុតាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់ដោយយុត្ដិធម៌ថា ទាហានរដ្ឋាភិបាលស៊ីរី បានប្រើប្រាស់ អាវុធគីមីសាស្ដ្រ កាលពីថ្ងៃទី២១ ខែសីហា។ ក្នុងពេលនេះ អ.ស.បកំពុងបើកការ ស្រាវជ្រាវស្វែងរកភស្ដុតាងច្បាស់លាស់ ដើម្បីបញ្ជាក់ថា ភាគីណាមួយជាអ្នកប្រព្រឹត្ដ រឿងនោះ ។
គេកំពុងពិចារណាថា បើអាមេរិកបើកការ វាយប្រហារលើស៊ីរី នោះប្រទេសអ៊ីរ៉ង់នឹងវាយបកក្រោយ ព្រោះនៅពេលដែល រដ្ឋមន្ដ្រីការពារជាតិ អាមេរិកប្រកាសពីការវាយប្រហារ ដោយកម្លាំងទ័ព ទៅលើប្រទេសស៊ីរីនោះ អនុប្រធានគណៈកម្មាធិការ យោធាអ៊ីរ៉ង់ បានបញ្ជាក់ថា “ ប្រសិនបើអាមេរិកឆ្លងផុតបន្ទាត់ក្រហម សេតវិមាននឹងទទួល រងនូវលទ្ធផលអាណោចអាធ័មបំផុត ”៕
_______________________
ប្រភពពី
វត្តភ្នំ