រុងហ្សាការតាៈ ក្រុមមន្ត្រី បាននិយាយថា ភ្នំភ្លើងមួយ បានផ្ទុះនៅលើកោះតូចមួយនៅភាគកណ្ដាលឥណ្ឌូនេស៊ីពីថ្ងៃសៅរ៍ ដោយព្រួសផេះក្ដៅទៅលើមេឃ និងបញ្ចេញកម្អែលរលាយយ៉ាងសម្បើម ដែលបានឆាបឆេះ និងសម្លាប់មនុស្ស ៦ នាក់ដែលកំពុងលង់លក់នៅលើឆ្នេរខ្សាច់ មួយកន្លែង។
លោកស៊ូរ៉ូណូ ប្រធានមជ្ឈមណ្ឌលភ្នំភ្លើងវិទ្យាបានថ្លែងថា ភ្នំរ៉ូកាតេនដា នៅលើកោះប៉ាលូ បានបញ្ចេញដុំពពកដ៏សម្បើមនៃផេះក្រហមក្ដៅ និងផ្ទាំងថ្មជាច្រើនក្នុងកម្ពស់ពីរគីឡូម៉ែត្រឡើងទៅលើមេឃ។
ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងតំបន់លោក Johanes Berchmans បានប្រាប់ AFP ថា៖ «មានជនរងគ្រោះ៦នាក់ ដែលត្រូវបានកម្អែលដ៏សែនក្ដៅរបស់ភ្នំភ្លើងនេះបានសម្លាប់។ ពួកគេត្រូវកម្អែលភ្នំភ្លើងក្ដៅហូរយកទៅ នៅពេលពួកគេលង់លក់ នៅលើឆ្នេរសមុទ្រពុនហ្គេ»៕
ប្រភពពី
ភ្នំពេញប៉ុស្តិ៍