
ភ្នំពេញ: អគ្គិភ័យ ដែលបានកើតមានប្រមាណជា ៨០ លើក នៅរាជធានីភ្នំពេញក្នុងរយៈពេល ៨ ខែមកនេះត្រូវបានគេធ្វើការអះអាងថា មានជាងពាក់កណ្តាលមូលហេតុមកពីឆ្លងចរន្តអគ្គិសនីនៅតាមផ្ទះដោយសារ ការប្រើប្រាស់លើសសមត្ថភាពឌីសង់ទ័រ។
លោក នេត វន្ថា នាយការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យ
នៃស្នងការនគរបាលរាជធានីភ្នំពេញ និយាយឲ្យដឹងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣ នេះថា គ្រោះអគ្គិភ័យដែលបានកើតមាននៅរាជធានីភ្នំពេញ ចាប់ពីខែមករា មកទល់នឹងពេលនេះ (២៨សីហា) មានចំនួនជាងពាក់កណ្តាល កើតឡើងដោយសារការឆ្លងចរន្តអគ្គិសនី ប្រើប្រាស់នៅតាមលំនៅស្ថាន មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងខ្វះការប្រុងប្រយ័ត្ន។
មន្ត្រីអង្គភាពបង្ការនិងពន្លត់អគ្គិភ័យខាងលើ បានស្នើដល់ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងឲ្យបង្កើនការយកចិត្តទុកដាក់ បង្ការ គ្រោះអគ្គិភ័យដោយត្រូវឲ្យអ្នកជំនាញធ្វើការត្រួតពិនិត្យមើលបណ្តាញ អគ្គិសនីនៅក្នុងផ្ទះរបស់ខ្ឡួនឡើងវិញ ព្រោះកន្លងទៅនេះ គ្រោះអគ្គិភ័យកើតឡើងដោយសារការឆ្លងចរន្តអគ្គិសនីមានច្រើនករណីណាស់។
តាមរបាយការណ៍ដែលទទួលបានមកពីការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ បង្ហាញឲ្យឃើញថា ក្នុងរយៈពេល ៨ ខែឆ្នាំ២០១៣នេះ នៅរាជធានីភ្នំពេញមានគ្រោះអគ្គិភ័យកើតឡើងចំនួនប្រមាណជា ៨០ លើក ក្នុងនេះមានចំនួន ៤២ លើកបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។
លោក ជា ស៊ីនហែល ប្រធាននាយកដ្ឋានបណ្តាញនិងអាជីវកម្ម អគ្គិសនីកម្ពុជា បាននិយាយឲ្យដឹងកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣ថា ការឆ្លងចរន្តលើបណ្តាញអគ្គិសនី (រដ្ឋ) នាំទៅដល់មានអគ្គិភ័យលើផ្ទះប្រជាពលរដ្ឋមិនធ្លាប់មានទេ បើមានអគ្គិសនីជាអ្នកទទួលខុសត្រូវ តែកន្លងមកគឺមាន តែនៅតាមប្រអប់នាឡិកាភ្លើង។ ប្រអប់នាឡិកាភ្លើង នៅក្នុងរាជធានីភ្នំពេញ សព្វនេះ មានរហូតដល់ប្រមាណជា ១០ ម៉ឺនប្រអប់។ ប្រអប់មួយចំនួនបានរបើកគំរបបាត់គំរប ដោយសារអតិថិជនគាស់ ដើម្បីបើកភ្លើងដោយខ្លួនឯង បន្ទាប់ពីឌីសង់ទ័រលោតផ្តាច់ភ្លើងជាស្វ័យប្រវត្តិ។
លោក ជា ស៊ីនហែល បានពន្យល់ទៀតថា ប្រអប់ភ្លើងរបើកគំរបដោយសារគេគាស់ដើម្បីបើកភ្លើង និង ប្រអប់ភ្លើងដែលខូចដោយប្រការផ្សេងៗ បានជ្រាបទឹកចូលទឹកពេលមានភ្លៀង ជាហេតុនាំឲ្យមានការឆ្លងចរន្តអគ្គិសនី នៅតាមប្រអប់មួយចំនួនបង្កឲ្យមានភ្លើងឆេះប្រអប់ នេះជាបញ្ហាមួយ។ ឯបញ្ហាមួយទៀត ដែលបាននាំទៅដល់មានគ្រោះអគ្គិភ័យកើតចេញពីការឆ្លងចរន្តនៅក្នុងផ្ទះ ហើយឌីសង់ទរ័នៅក្នុងប្រអប់ដាក់នាឡិកា មិនលោតផ្តាច់ចរន្តជាស្វ័យប្រវត្តិនោះ គឺអាចបណ្តាលមកពីឌីសង់ទ័រខូច។ ឌីសង់ទ័រខូចអាចបណ្តាលមកពីការបិតបើកវាច្រើនដងក៏មាន។ ឌីសង់ទ័រលោត បានន័យថា មានការឆ្លងចរន្ត ឬក៏បណ្តាលមកពីការប្រើប្រាស់លើសចំនួនហើយ តែអតិថិជនមិនចាប់អារម្មណ៍ បែរជាទៅបើកឌីសង់ទ័រនោះម្តងហើយ ម្តងទៀត រហូតឌីសង់ទ័រលែងលោត។ នៅពេលឌីសង់ទ័រលោតញឹកញាប់ ត្រូវរកអ្នកជំនាញធ្វើការត្រួតពិនិត្យបណ្តា្កញក្នុងផ្ទះ និងកម្លាំងភ្លើងឡើងវិញ។
លោក ជា ស៊ីនហែល បញ្ជាក់ថា ការប្រើប្រាស់ភ្លើងនៅតាមផ្ទះក្នុងទីក្រុងភ្នំពេញសព្វថ្ងៃនេះ ភាគច្រើនបានលើសពីសមត្ថភាពឌីសង់ទ័រ ដែលបានដាក់កាលពីពេលមុន (ខ្លះច្រើនជាងរយៈពេល ១០ ឆ្នាំ) ដោយសារជីវភាពរបស់ប្រជាពលរដ្ឋបានប្រសើរឡើង និង តម្រូវការប្រើប្រាស់សម្ភារៈអគ្គិសនីកើនឡើងជាបន្តបន្ទាប់ ក្នុងពេលកម្លាំង (អំពែរ) ភ្លើងមិនដែលត្រូវបានសុំតម្លើងតាមទំហំប្រើប្រាស់នោះ នេះជាមូលហេតុដែលនាំឲ្យឌីសង់ទ័រលោតដោយសារការប្រើប្រាស់លើស ហើយគេព្យាយាមបើកឌីសង់ទ័រម្តងហើយម្តងទៀត រហូតដល់ឌីសង់ទ័រលែងលោត បង្កឲ្យមានការឆ្លងចរន្តទៅជាអគ្គិភ័យ៕
ប្រភពពី CEN