ក្នុងពេលដែលចំនួនអ្នកប្រើប្រាស់ហ្វេសប៊ុក (Facebook) ក្នុងប្រទេសកម្ពុជា កំពុងមានការកើនឡើងជាលំដាប់ កម្ពុជា បានស្នើអោយក្រុមហ៊ុនហ្វេសប៊ុក បញ្ចេញទិន្នន័យអ្នកប្រើប្រាស់ម្នាក់ អោយទៅខ្លួនសម្រាប់បម្រើដល់ការស៊ើបអង្កេត។អ្នកគ្រប់គ្រងក្រុមហ៊ុនហ្វេសប៊ុក បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៧ សីហា ឆ្នាំ២០១៣ អោយដឹងថា កម្ពុជា បានស្នើអោយក្រុមហ៊ុននេះផ្តល់ទិន្នន័យរបស់អ្នកប្រើប្រាស់ហ្វេសប៊ុក ម្នាក់ អោយទៅខ្លួន តែបណ្ដាញសង្គមមួយនេះមិនបានធ្វើតាមសំណើរបស់កម្ពុជា ឡើយ ដោយលើកហេតុផលថា ដើម្បីធានាការសម្ងាត់របស់អ្នកប្រើប្រាស់។
សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ថា កម្ពុជា បានស្នើទៅក្រុមហ៊ុនហ្វេសប៊ុក តាំងពីពេលណានោះទេ តែរបាយការណ៍ដែលហ្វេសប៊ុក បានបង្ហាញនៅពេលនេះ គឺជាព័ត៌មានដែលហ្វេសប៊ុក ទទួលបានពីរដ្ឋាភិបាល ចន្លោះពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៣។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍នៅថ្ងៃទី២៩ សីហា ឆ្នាំ២០១៣ ថា លោកមិនបានដឹងពីរឿងនេះទេ។ លោកថា នៅកម្ពុជា អ្នកដែលគ្រប់គ្រងហ្វេសប៊ុក មានទាំងខាងរដ្ឋាភិបាល និងខាងក្រុមហ៊ុនឯកជន ហើយលោកមិនដឹងថា តើរដ្ឋាភិបាលជាអ្នកដាក់សំណើ ឬក៏ក្រុមហ៊ុនឯកជនជាអ្នកដាក់សំណើទៅសុំទិន្នន័យពីហ្វេសប៊ុក នោះដែរ៖
«ដូច្នេះ មិនមែនបានសេចក្តីថា ប្រទេសយើងសុំ មិនមែនមានន័យថា រដ្ឋាភិបាលសុំ មិនមែនមានន័យថា ឯកជនសុំ គឺមានមួយក្នុងចំណោម ៥ ឬ ៦ហ្នឹង ជាអ្នកសុំតែជានរណាមួយ»។
តែទោះយ៉ាងណា លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាលគ្មានគម្រោងនឹងត្រួតពិនិត្យ ឬសួរក្រុមហ៊ុនឯកជនទាំងនោះអំពីការស្នើសុំទៅក្រុមហ៊ុនហ្វេសប៊ុក ឡើយ ព្រោះលោកថា នេះគឺជាសិទ្ធិសេរីភាពរបស់ពួកគេ។ ហើយលោកថា រដ្ឋាភិបាលក៏គ្មានគម្រោងឆ្លើយតបនឹងការលើកឡើងរបស់ហ្វេសប៊ុក នោះដែរ។ លោកបន្ថែមថា សព្វថ្ងៃ រដ្ឋាភិបាលក៏មិនបានត្រួតពិនិត្យមើលឯកសាររបស់អ្នកប្រើប្រាស់ អ៊ិនធឺណិត នៅកម្ពុជា នោះដែរ។
លោក ផៃ ស៊ីផាន៖
«គេឆែកហ្វេសប៊ុក អូនឯងដែរ គេឆែកអ៊ីមែលអូនឯងដែរ មានតែអាមេរិក និងអង់គ្លេស ទេ ដែលធ្វើ ហើយយើងឃើញតាមវីគីលីក (Wikileak) តាមស្នូឌែន (Snowden) ហ្នឹងណា ខ្មែរយើងអត់មានសមត្ថភាពធ្វើទេ អត់មានលុយទេ»។
ទាក់ទងនឹងបញ្ហានេះ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី២៩ សីហា ថា លោកស្វាគមន៍ និងគាំទ្រក្រុមហ៊ុនហ្វេសប៊ុក ដែលមិនបញ្ចេញទិន្នន័យរបស់អ្នកប្រើប្រាស់តាមការស្នើសុំរបស់ កម្ពុជា។ លោកថា ប្រសិនបើហ្វេសប៊ុក បញ្ចេញទិន្នន័យមែននោះ វានឹងធ្វើអោយប៉ះពាល់ដល់សេរីភាពបញ្ចេញមតិរបស់អ្នកប្រើប្រាស់ ហើយលោកក៏មិនចង់អោយហ្វេសប៊ុក ចូលរួមពាក់ព័ន្ធនឹងរឿងនេះដែរ។
លោក អ៊ូ វីរៈ៖
«អ៊ីចឹង វាអាចប៉ះពាល់ទៅលើសិទ្ធិសេរីភាពជាជាងសន្តិសុខជាតិ ជួនកាល កន្លែងខ្លះក៏វាមានការព្រួយបារម្ភដែរ តែកន្លែងខ្លះ រដ្ឋាភិបាលជាច្រើនយកបញ្ហាសន្តិសុខជាតិជាលេស ដើម្បីគាបសង្កត់សេរីភាពបញ្ចេញមតិត្រឹមត្រូវ ព្រោះថាអ៊ីចឹងហើយ ខ្ញុំមិនគាំទ្រអោយហ្វេសប៊ុក បញ្ចេញទេ ប្រសិនជាមានបញ្ហាដូចជាភេរវកម្ម គេពឹងផ្អែកការស៊ើបអង្កេតតាមផ្នែកផ្សេង មិនចាំបាច់បង្ខំអោយក្រុមហ៊ុនបង្ហាញអត្តសញ្ញាណបុគ្គលហ្នឹងទេ»។
ចំនួនអ្នកប្រើប្រាស់ហ្វេសប៊ុក នៅកម្ពុជា បានកើនឡើងជាលំដាប់ ហើយបើតាមការប៉ាន់ស្មាន ចំនួនអ្នកដែលប្រើប្រាស់សព្វថ្ងៃមានប្រមាណជាង ១លាននាក់។
ក្រៅពីប្រើប្រាស់ហ្វេសប៊ុក សម្រាប់ធ្វើជាមធ្យោបាយក្នុងការទំនាក់ទំនងកម្សាន្តសប្បាយ ឬប្រើប្រាស់ធ្វើជាមធ្យោបាយសម្រាប់ផ្សាយពាណិជ្ជកម្មផលិតផល ហ្វេសប៊ុក ក៏ត្រូវបានប្រើប្រាស់ធ្វើជាមធ្យោបាយចែករំលែកព័ត៌មាននយោបាយដ៏មាន ប្រសិទ្ធភាពមួយ ក្នុងកំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។ ប្រព័ន្ធសង្គមមួយនេះ ក៏នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ដដែល ពិសេសក្នុងពេលដែលកម្ពុជា កំពុងជាប់គាំងផ្នែកនយោបាយនាពេលបច្ចុប្បន្ន។
ការបញ្ចេញសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនហ្វេសប៊ុក នៅពេលនេះ អាចធ្វើអោយអ្នកប្រើប្រាស់មួយចំនួនមានការភ្ញាក់ផ្អើល ហើយអ្នកប្រើប្រាស់ផ្សេងទៀតក៏អាចមានការព្រួយបារម្ភផងដែរចំពោះ ការបញ្ចេញមតិរបស់ពួកគេលើបណ្ដាញសង្គមមួយនេះនៅថ្ងៃអនាគត។
អ្នកប្រើប្រាស់ហ្វេសប៊ុក ម្នាក់ នៅភ្នំពេញ ឈ្មោះ ខៀវ ចាន់សាត។ លោកបាននិយាយថា ប្រសិនបើក្រុមហ៊ុនហ្វេសប៊ុក បានបញ្ចេញទិន្នន័យរបស់អ្នកប្រើប្រាស់តាមការស្នើសុំរបស់កម្ពុជា ដូចដែលហ្វេសប៊ុក បង្ហាញមែននោះ លោកនឹងប្រាកដជាមានការប្រុងប្រយ័ត្នខ្លាំងក្នុងការបញ្ចេញមតិ ឬបង្ហោះរូបភាពផ្សេងៗ ពិសេសមតិដែលទាក់ទងនឹងអ្នកនយោបាយ៖
«ប្រសិន ណាបញ្ចេញ ប្រជាជនខ្មែរយើងច្បាស់ហើយ វានឹងអសកម្មភាពក្នុងការបញ្ចេញមតិតទៅទៀត ភ័យខ្លាច ប្រហែលជានៅប្រើ តែគ្រាន់តែបន្ថយសកម្មភាពខ្លះប៉ះពាល់ដល់រឿងនយោបាយ ប៉ះពាល់ដល់អ្វី ឬខ្លាចថាខុសច្បាប់»។
ចំណែកអ្នកប្រើប្រាស់ហ្វេសប៊ុក ម្នាក់ទៀតឈ្មោះ ឈុន សុខា បាននិយាយថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា ពិតជាបានផ្ញើសំណើទៅក្រុមហ៊ុនហ្វេសប៊ុក នោះវាសបញ្ជាក់អោយឃើញថា រដ្ឋាភិបាលមានបំណងចង់រឹតបន្តឹងសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ។ តែលោកថា ប្រសិនបើអ្នកប្រើប្រាស់ណាម្នាក់បញ្ចេញមតិយោបល់ ឬបង្ហោះរូបភាពដែលខុសច្បាប់ ធ្វើអោយប៉ះពាល់ដល់អសន្តិសុខសង្គម លោកគាំទ្រអោយក្រុមហ៊ុនហ្វេសប៊ុក បញ្ចេញអត្តសញ្ញាណរបស់បុគ្គលនោះ ដើម្បីអោយរដ្ឋាភិបាលធ្វើការតាមផ្លូវច្បាប់។
លោកថា ទោះយ៉ាងណា ក៏ក្រុមហ៊ុនហ្វេសប៊ុក ត្រូវធ្វើការថ្លឹងថ្លែងអោយបានហ្មត់ចត់ដែរ មុននឹងសម្រេចចិត្តបញ្ចេញទិន្នន័យអ្នកប្រើប្រាស់៖
«ខ្ញុំជឿថា ក្រុមហ៊ុនហ្វេសប៊ុក មួយទាំងមូល គាត់នឹងមានអ្នកបច្ចេកទេស អ្នកជំនាញផ្នែកច្បាប់ វិភាគមើលស្ថានភាពទម្ងន់ មិនមែនចេះតែជឿតាមទេ ក្រុមហ៊ុនហ្នឹង គាត់ធ្វើការសិក្សាស្រាវជ្រាវលម្អិតអោយច្បាស់សិនថា កម្រិតនៃស្ថានទម្ងន់របស់បុគ្គលហ្នឹង មានដល់កម្រិតណា»។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនហ្វេសប៊ុក មានប្រទេសទាំងអស់ ៧១ ដែលបានស្នើសុំទិន្នន័យរបស់អ្នកប្រើប្រាស់ពីក្រុមហ៊ុននេះ ក្នុងនោះមានប្រទេសចំនួន ៥ មកពីសមាគមអាស៊ាន ដូចជា កម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ។ ហើយប្រទេសដែលដាក់សំណើទៅអោយហ្វេសប៊ុក ច្រើនជាងគេ គឺសហរដ្ឋអាមេរិក និងអង់គ្លេស៕
ប្រភពពី RFA