គណបក្សប្រជាជនកម្ពុជាសូមបញ្ជាក់ថា សម្តេចហ៊ុន សែន កំពុងតែស្ថិតនៅក្នុងប្រទេស និងបំពេញមុខតំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាធម្មតាដោយគ្មានអ្វីប្រែប្រួលនោះទេ។
នេះគឺ ជាការសរសេរបញ្ជាក់របស់គណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជន កម្ពុជានៅក្នុងសេចក្តីថ្លែងការណ៏របស់គណបក្សប្រជាជនកម្ពុជាដែល ផ្សព្វផ្សាយឲ្យដឹងកាលពីថ្ងៃទី២៩កក្កដា
ម្សិលមិញនេះ។

នៅក្នុងសេចក្តីថ្លែងការណ៏ដដែលនោះ គណបក្សប្រជាជនកម្ពុជាជាថ្មីម្តងទៀតក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះប្រជាពលរដ្ឋខ្មែរដែលនៅតែបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សជនកម្ពុជាឲ្យឈ្នះឆ្នោត និងទទួលបានអាសនៈលើសពីភាគច្រើនដាច់ខាត។
ដែលអាចឲ្យគណបក្សកាន់អំណាចមួយនេះ បង្កើតរដ្ឋាភិបាលថ្មីបានស្របតាមរដ្ឋធម្មនុញ្ញា ហើយអ្វីដែលជាពិសេសជាងនេះទៅទៀតនោះគឺសម្តេចហ៊ុន សែននៅតែបន្តធ្វើជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល នីតិកាលទី៥នៃរដ្ឋសភា។
ជាការបញ្ជាក់នៅចុងក្រោយនៃសេចក្តីថ្លែងការណ៏នេះ គណបក្សប្រជាជនកម្ពុជាក៏បានប្តេជ្ញានឹងបន្តពង្រឹងសាមគ្គីភាព ឯកភាព ផ្ទៃក្នុងឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីការពារផលប្រយោជន៏របស់ប្រទេសជាតិ និងប្រជាពលរដ្ឋនៅគ្រប់ស្ថានភាព និងគ្រប់កាលៈទសៈ។
គួរបញ្ជាក់ថាសេចក្តីថ្លែងការណ៏របស់កណបក្សប្រជាជនកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីមានពាក្យចរចាមអារាមថា សម្តេចហ៊ុន សែន អនុប្រធានគណបក្សកាន់អំណាច ហើយជានាយករដ្ឋមន្ត្រីនីតិកាលទី៤នៃរដ្ឋសភាបានចេញដំណើរទៅបរទេសហើយ ថា សម្តេចហ៊ុន សែន ក៏បានលាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីផងដែរ៕
ប្រភពពី : khmeronlinenews