
ភ្នំពេញៈ សុភមង្គលក្នុងគ្រួសារ គឺជារឿងចាំបាច់បំផុតដែលស្វាមីនិងភរិយាគ្រប់រូបប្រាថ្នាចង់បាន ដោយសារការយោគយល់អធ្យាស្រ័យដល់គ្នា ការយកចិត្តទុកដាក់គ្នា និងការផ្គាប់ចិត្តគ្នាជាដើម។ ក្នុងសង្គមខ្មែរ ភរិយាភាគច្រើនមានតួរនាទីសំខាន់ក្នុងការថែរក្សា និងបង្កើននូវរសជាតិនៃសុភមង្គលក្នុងគ្រួសារ តាមរយៈការរៀបចំផ្ទះសម្បែង និងចាត់ចែងម្ហូបអាហារជូនស្វាមីខ្លួន ក្រោយពេលដែលគាត់មកពីធ្វើការអស់កម្លាំង និងត្រូវការម្ហូបឆ្ងាញ់ៗដើម្បីបំប៉នកម្លាំង។

យ៉ាងណាមិញ មានភរិយាមួយចំនួនមិនបានយកចិត្តទុកដាក់ចំពោះបញ្ហានេះឡើយ ដោយពួកគេបែរជាព្រងើយកន្ដើយនឹងកិច្ចការទាំងនេះ ដែលគេអាចហៅថាជាវិធីសាស្ដ្រចងចិត្តប្ដីនោះ។ ពួកគេបានយកពេលទំនេរទៅលេងល្បែង ឬអង្គុយប្រជុំគ្នានិយាយដើមអ្នកនេះអ្នកនោះ ហើយទុកឲ្យផ្ទះរបស់ខ្លួនមានភាពស្កេកស្កាក គ្មានសណ្ដាប់ធ្នាប់ និងថែមទាំងមិនយកចិត្តទុកដាក់ក្នុងការចាត់ចែងម្ហូបអាហារដើម្បី បំប៉នប្ដីទៀតផង ដោយពេលខ្លះពួកគេបែរជាទិញម្ហូបស្រាប់ឲ្យប្ដីហូបទៅវិញ។
ទង្វើបែបនេះត្រូវបានមជ្ឈដ្ឋានទូទៅរិះគន់ចំៗថា ស្រី្ដជាភរិយាទាំងនោះជាស្រីកញ្ជើរធ្លុះ និងធ្វើឲ្យសុភមង្គលក្នុងគ្រួសារឈានទៅរកភាពរកាំរកូស និងបែកបាក់គ្នាជាអសាបង់ទៀតផង ព្រោះសា្វមីភាគច្រើនតែងប្រាថ្នាចង់បានភរិយាមានចរិយាសម្បត្តិល្អ និងចង់រួមរស់ជាមួយគ្នាដោយមានសេចក្ដីសុខ ប៉ុន្ដែនៅពេលដែលពួកគេមកធ្វើការអស់កម្លាំង ស្រាប់តែមិនដឹងថាបាយទឹកនៅឯណា រសជាតិម្ហូបក៏មិនឆ្ងាញ់ រីឯផ្ទះសម្បែងរបស់ខ្លួនវិញគឺមើលមិនយល់ វាប្រៀបដូចជាសម្បុកសត្វទៅវិញ។ កត្តាទាំងនេះបានធ្វើឲ្យបុរសស្វាមីមានភាពមួរហ្មងក្នុងចិត្ត និងអាចមានស្រីលួចលាក់នៅខាងក្រៅទៀតផង ព្រោះតែភាពនឿយណាយនឹងភរិយារបស់ខ្លួន ដែលជាស្រីគ្មានមាយាទ ហើយប្រសិនបើស្រីកំណាន់របស់គាត់ពូកែផ្គាប់ចិត្តទៀតនោះ សុភមង្គលក្នុងក្រុមគ្រួសាររបស់គាត់នឹងបែកបាក់ប្រេះឆាជាក់ជាមិន ខាន។
ថ្វីត្បិតតែរឿងនេះហាក់ដូចជារឿងបន្ទាប់បន្សំក្ដី ក៏ប៉ុន្ដែភរិយាគ្រប់រូបគួរក្ដោបក្ដាប់ឱកាសឲ្យបានល្អ កុំឲ្យវារបូតបាត់បង់ ជាពិសេសនៅពេលដែលប្ដីកំពុងពេញស្រឡាញ់ ហើយប្រសិនបើភរិយាទាំងនោះចេះរៀបចំផ្ទះសម្បែងឲ្យបានស្អាតមាន របៀបរៀបរយ និងធ្វើម្ហូបឆ្ងាញ់ៗឲ្យស្វាមីខ្លួនទៀតនោះ ប្រាកដជាស្វាមីរបស់ពួកគាត់មិនអាចទៅរកស្រីផ្សេងបានឡើយ ត្បិតឆ្នាំងបាយចាស់វាឆ្ងាញ់ ពេលប្ដីទៅណាក៏នឹករលឹកអំពីផ្ទះនិងរសជាតិម្ហូបសព្វគ្រប់មុខដែល ភរិយាខ្លួនធ្លាប់ធ្វើឲ្យហូប វាប្រៀបដូចជាពាក្យស្លោកមួយដែលចាស់ៗតែងពោលថា “សម្លរឆ្ងាញ់គ្រឿង គ្រួសាររុងរឿងដោយសារភរិយា”។ សន្យា