ការិយាល័យបោះឆ្នោតនៅសាលាបឋមសិក្សាស្ទឹងមានជ័យនាថ្ងៃបោះឆ្នោតនេះ ត្រូវបានបិទដំណើរការការបោះឆ្នោតមុនកាលកំណត់ដោយសារមានប្រតិកម្មតវ៉ា យ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋក្នុងរឿង
បាត់ឈ្មោះអ្នកបោះឆ្នោតផង និងមានឈ្មោះដែរតែមិនអាចបោះឆ្នោតបានផងព្រោះមានគេបោះឆ្នោតជំនួស។
ក្រៅអំពីរូបភាពនៃការតវ៉ាយ៉ាងពុះកញ្ជ្រោលពីសំណាក់ប្រជាពលរដ្ឋ ក៏លេចចេញមានករណីជម្លោះមួយទៀតរវាងជនជាតិវៀតណាមមកចូលរួមបោះឆ្នោត ជាមួយព្រះសង្ឃខ្មែរដែលនិមន្តមកបោះឆ្នោត ដូច្នេះព្រឹត្តិការណ៍ហិង្សានេះក៏កាន់តែរីកធំឡើងៗ។
នៅក្នុងករណីជម្លោះនេះដែរបានជំរុញឲ្យសមត្ថកិច្ចដឹកជញ្ជូនជនជាតិ វៀតណាមដែលប្រជាជនអ្នកបោះឆ្នោតតវ៉ា មិនឲ្យចូលរួមបោះឆ្នោតនោះចេញទៅក្រៅការិយាល័យបោះឆ្នោតវិញតាមរថយន្ត ខណៈដែលក្រុមប្រជាពលរដ្ឋកំពុងមានកំហឹងពុះពោរបាននាំគ្នារត់តាម សមត្ថកិច្ចយ៉ាងឈូរឆ ហើយក៏បណ្តាលឲ្យសមត្ថកិច្ចផ្ទុះអាវុធបាញ់ឡើងលើជាច្រើនគ្រាប់។
ក្នុងន័យបញ្ចេញកំហឹងតបភ្លាមៗទៅលើក្រុមសមត្ថកិច្ច ក្រុមប្រជាពលរដ្ឋបាននាំគ្នាយកដុំថ្មគប់ទៅលើរថយន្តរបស់សមត្ថកិច្ច និងរុញរថយន្តសមត្ថកិច្ចប៉េអឹមឲ្យក្រឡាប់ផ្ងារជើង ព្រមទាំងដុចបំផ្លាញចោលអស់ចំនួន២គ្រឿង។
មជ្ឈដ្ឋានអ្នកច្បាប់បានលើកឡើងថា ដោយសារមានអំពើហិង្សា និងមានការបិទការិយាល័យបោះឆ្នោតមុនកាលកំណត់ដូច្នេះគឺការិយាល័យ បោះឆ្នោតដែលត្រូវបានបិទនេះ នឹងត្រូវរៀបចំឲ្យមានដំណើរការបោះឆ្នោតសាជាថ្មីឡើងវិញស្របតាមច្បាប់ និងនីតិវិធីនៃការបោះឆ្នោត៕

ប្រភពពី
ដើមត្នោត