មហាវិថី និងវិថីមួយចំនួនដែលឋិតនៅជុំវិញភូមិគ្រឹះសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា ដ៏មានឥទ្ធិពល និងជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិលេខរៀងទី១ របស់គណបក្សប្រជាជនកម្ពុជានៅមណ្ឌលខេត្តកណ្តាល ក្បែវិមានឯករាជ្យ រាជធានីភ្នំពេញ ត្រូវបានបិទមិនឲ្យធ្វើចរាចរណ៍ទាំងស្រុងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣នេះ។
ដងផ្លូវដែលឋិតនៅជុំវិញភូមិគ្រឹះសម្តេចនាយករដ្ឋមន្ត្រីត្រូវបាន ហាមឃាត់ការធ្វើចរាចរណ៍នេះ បន្ទាប់ពីគណបក្សសង្គ្រោះជាតិបានប្រកាសគំរាមធ្វើមហាបាតុកម្មនៅថ្ងៃ ខាងមុខដើម្បីប្រឆាំងទៅនឹងលទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងមក និងស្ទួនគ្នាទៅនឹងការរៀបចំពិធីបង្សុកូលគោរពវិញ្ញាណក្ខន្ធដល់អ្នក ស្លាប់បាត់បង់ជីវិតក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកនៅមុខមន្ទីររដ្ឋ សភាជាតិកាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ១៩៩៧ រៀបចំដោយគណបក្សសង្គ្រោះជាតិនាល្ងាចនេះតែម្តង។
មជ្ឈដ្ឋានអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានលើកឡើងថា សុវត្ថិភាពទាក់ទងនឹងសម្តេចនាយករដ្ឋមន្ត្រីកម្ពុជាត្រូវបានគេ ប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីមានការផ្ទុះអំពើហិង្សាបំផ្លិចបំផ្លាញ រថយន្តកងរាជអាវុធហត្ថអស់២គ្រឿងនាថ្ងៃបោះឆ្នោតនៅមណ្ឌលបោះឆ្នោត សាលាបឋមសិក្សាវត្តស្ទឹងមានជ័យ រួចមក៕

ប្រភពពី ដើមត្នោត